ថ្ងៃនេះសារព័ត៌មានពុទ្ធសាសនា Buddhish News សូមសម្ភាសន៍គុណម្ចាស់ធម្មកថិក រីម ចាន់រ៉ា ពីភាពខុសគ្នារវាង “នាមធម៌” និង “ឋាមពល”។ គុណម្ចាស់មានថេរដីការថា ១. ភវង្គចិត្ត(ឬបកតិចិត្ត) ២. បដិសន្ធិវិញ្ញាណ(ឬបឋមចិត្ត)និង៣. វិញ្ញាណខន្ធ (កងវិញ្ញាណ) ធម៌ទាំងបីនេះមានឈ្មោះថា “នាមធម៌”។ តើពាក្យថា“នាមធម៌” មានអត្ថន័យដូចម្តេចនិងសំដៅលើអ្វី? តើ “នាមធម៌និងឋាមពល” ខុសគ្នាដូចម្តេច?

គុណម្ចាស់ រីម ចាន់រ៉ា ជាធម្មកថិកល្បីមួយអង្គបានមានថេរដីកាថា ពាក្យថា “នាមធម៌” ជាឈ្មោះដែលព្រះសម្ពុទ្ធទ្រង់បានប្រើសំដៅលើ “ធម្មជាតិមួយប្រភេទដែលមិនមានរូបសណ្ឋាន មិនមានពណ៌សម្បុរ និងឥតមានម៉ាស់មាឌ ទម្ងង់គីឡូ ប្រវែង និងមិនអាចចាប់បាន មិនអាចមើលឃើញ ហើយអាចយករូបធាតុណាមួយទៅវាស់ស្ទង់ និងស្ទាបបានឡើយ។ “នាមធម៌” មានត្រឹមតែកម្លាំងដែលអាចធ្វើចលនាបាន បង្កបានឥទ្ធិពល និងជះឥទ្ធិពលលើរូបធាតុផ្សេងៗទៀតបាន។ គុណម្ចាស់បន្ថែមថា អ្នកសិក្សាខ្លះបានប្រដូច “នាមធម៌” ជាថាមពល ដែលអាចតោងប្រាស្រ័យជាមួយរូបធាតុនានាបាន។ ការប្រដូចបែបនេះ គឺដើម្បីឱ្យងាយយល់ តែប៉ុណ្ណោះ។ តែតាមធាតុពិត “នាមធម៌” បានដល់ចិត្តចេតសិក ដែលមានភាពល្អិតក្រៃលែងមិនមើលឃើញនិងប៉ះមិនបាននោះឡើយ។


ជាការពិតណាស់ “នាមធម៌” មិនដូចនឹង “ឋាមពល”ទេ។ ព្រោះថា “ឋាមពល”គេអាចវាស់ស្ទង់ស្ទាប ឬចាប់ចរន្តវាបាន ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗទៀតបាន។ ឧទាហរណ៍ដូចជាឋាមពលពន្លឺព្រះអាទិត្យ គេអាចច្នៃយកមកប្រើបាន។ ជាទូទៅគេបានហៅ “ឋាមពលពន្លឺដើរដោយព្រះអាទិត្យថា (សូឡា)”។ ហើយកម្លាំងឋាមពល អាចបុកទំលាយនូវរូបធាតុផ្សេងទៀតបានផងដែរ។ ប៉ុន្តែ “នាមធម៌” គឺមិនដូច្នោះទេ។ នាមធម៌គឺល្អិតល្អន់ជាងនោះឆ្ងាយណាស់។ “នាមធម៌” នេះមានការកើតឡើង ប្រែប្រួល រលត់បាត់ទៅវិញ ដូចនឹងរូបធម៌ផ្សេងៗទៀតដែរ។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺនៅត្រង់ថា “រូបធាតុទាំងឡាយ ទោះបីតូចឬធំក្តី ល្អិត ឬគ្រោតគ្រាតក្តី វាអាចវិនាសទៅវិញ ដោយអំណាចធាតុត្រជាក់ ឬធាតុក្តៅណាមួយ ចូលទៅបៀតបៀន”។ ចំណែកឯ “នាមធម៌” វិញវាមិនវិនាសទៅដោយកម្លាំងនៃធាតុត្រជាក់ឬក្តៅណាមួយនោះឡើយ។ នាមធម៌វិនាសទៅវិញ ដោយសារនាមធម៌ដូចគ្នា ដែលជាហេតុបច្ច័យរបស់វាត្រូវរលត់ដូចគ្នា។ ឧបមាដូច ពណ៌ និងពន្លឺនៃភ្លើង តែងវិនាសទៅ ដោយសារការវិនាសទៅនៃតួអណ្តាតភ្លើងនោះឯង។

ព្រះអង្គបានពន្យល់បន្តថា“នាមធម៌” ជួនកាលគេអាចហៅបានច្រើនយ៉ាងទៀតថា អរូបធម៌ ឬនាមធាតុ អរូបធាតុ។ គេអាចនិយាយម្យ៉ាងទៀតដោយខ្លី គឺពួកធម៌ដែលមិនមែនជារូបធម៌ (បានដល់ចិត្ត និងចេតសិក)។ នាមធម៌ពួកខ្លះ លុះតែអាស្រ័យនូវរូបធម៌ជាទីតាំង ធ្វើការរួមគ្នាជាមួយរូបធម៌ ទើបអាចដំណើរការទៅបាន (បានដល់រូបធម៌នាមធម៌ក្នុងកំណើត កាមភព និងរូបភព)។ “នាមធម៌” ខ្លះទៀតមានរូបធម៌ជាទីតាំង តែពុំសហការជាមួយ “រូបធម៌”នោះទេ។ វាធ្វើការងាររួមគ្នា តែជាមួយនាមធម៌ដូចគ្នា។ ព្រោះហេតុនោះ ទើបបង្កើតឱ្យមាននូវកំណើតនៃព្រហ្មលោកពួកខ្លះ មិនប្រើប្រាស់នូវរូបកាយសម្រាប់ទទួលដឹងនូវអារម្មណ៍ខាងក្រៅជាដើមឡើយ គឺមានត្រឹមតែសំបកនៃរូប (ឈរ ឬអង្គុយ អស់១អាយុនៃកំណើតរបស់ខ្លួន)ដែលតាំងនៅឥតបំរើជាឧបករណ៍នៃចិត្តឡើយ(ឬសហការនឹងចិត្តឡើយ)៕
អត្ថបទដោយ៖ សារព័ត៌មានពុទ្ធសាសនា