ភិក្ខុព្រះសង្ឃ នៅក្នុងព្រះពុទ្ធសាសនា ជាអ្នកទ្រទ្រង់នូវសីលដ៏បរិសុទ្ធ ត្រូវបានចាត់ទុក្ខជាឧត្ដមភេទ និង ជាស្រែបុណ្យ សម្រាប់ជនានុជនផងទាំងពួង។ ហើយគ្រហស្ថគ្រប់រូបតែងតែគោរពប្រណិប័តន៍ និងបូជា។ តែកន្លងទៅថ្មីៗនេះ មានរូបភាពព្រះសង្ឃថ្វាយបង្គំក្រហស្ថ និងលើកដៃសំពះក្រហស្ថបង្ហោះពេញបណ្តាញសង្គម។ បញ្ហានេះ បានបង្កើតជាសំណួរចោទសួរឡើងថា ប្រសិនបើគ្រហស្ថ មានតួនាទីជាមន្រ្ដីធំ-តូច ឧបាសក ឧបាសិកា ថ្វាយបង្គំ ហើយភិក្ខុសង្ឃលើកព្រហស្ថ(ដៃ)សំពះតបមកវិញ តើត្រូវអាបត្ដិដែរឬទេ បើតាមវិន័យរបស់សង្ឃ?

លោក ទុម ប៊ុនធារ សាស្រ្ដាចារ្យផ្នែកវិន័យ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នារាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់ដល់សារព័ត៌មានពុទ្ធសាសនា Buddhish Cambodia News កាលពីថ្ងៃ២៤ ខែសីហាឆ្នាំ២០២៤ ថា បុគ្គលចំនួន ៥ជំពូក ដែលភិក្ខុថ្វាយបង្គំហើយ មិនត្រូវអាបត្ដិរួមមាន៖
១-បុរេឧបសម្បន្នោៈ ភិក្ខុដែលបានបួសមុន ឬ ជាភិក្ខុចាស់វស្សាជាង។
២-នានាសំវាសកោ វុឌ្ឍតរោ ធម្មវាទី: ភិក្ខុនានាសំវាសកជាធម្មវេទី ដែលមានវស្សាចាស់ជាង និង ជាអ្នកសម្ដែងធម៌ទៅតាមវិន័យ។
៣-អាចរិយោ: ភិក្ខុជាអាចារ្យរបស់ខ្លួន (ព្រះគ្រូជាអ្នកបំពេញឧបសម្បទា)។
៤-ភិក្ខុជាឧបជ្ឈាយ៍របស់ខ្លួន។
៥-តថាគតោ អរហំ សម្មាសម្ពុទ្ធោ: ព្រះសម្មាសម្ពុទ្ធ។
ជុំវិញការលើកឡើងចោទសួរថា បើគ្រហស្ថថ្វាយបង្គំភិក្ខុសង្ឃ ហើយព្រះអង្គលើកព្រហស្ថសំពះតមកវិញ តើត្រូវបានអាបត្ដិដែរឬទ?

លោកសាស្រ្ដាចារ្យរូបនេះបានពន្យល់ថា ក្រៅពីតែបុគ្គលទាំង៥ប្រភេទខាងលើនេះ បើភិក្ខុអង្គណានីមួយ លើកដៃសំពះតបទៅគ្រហស្ថវិញ ទោះជាមានឋានៈខ្ពស់ប៉ុនណាក៏ដោយ ភិក្ខុអង្គនោះ នឹងត្រូវអាបត្ដិទុក្កដ។ ប៉ុន្ដែអាបត្ដិនេះជាទោសតូចមួយ អាចសម្ដែងដាច់ជាមួយភិក្ខុសង្ឃ។ មួយវិញទៀត ប្រសិនបើភិក្ខុសង្ឃលើកដៃសំពះមករកគ្រហស្ថវិញ ហើយគ្រហស្ថនោះ មានក្ដីប្រមាថទៅលើភិក្ខុនោះវិញ នឹងនាំឲ្យគ្រហស្ថនោះ មានបាបទៅតាមកម្មរបស់ខ្លួន។

សម្តេចព្រះព្រហ្មរតនមុនីពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់ទេសនាពន្យល់ដល់ពុទ្ធបរិស័ទ កាលពីពេលកន្លងមកថា ភិក្ខុនៅមុនពេលថ្វាយបង្គំភិក្ខុផងគ្នា ត្រូវតែសួរអំពីវស្សាជាមុន ទើបថ្វាយបង្គំគ្នាជាក្រោយ។ បើការថ្វាយបង្គំភិក្ខុផងគ្នា ដោយអត់បានសួរ អំពីវស្សាដែលបានបួសនោះ គឺភិក្ខុបួសមុន ថ្វាយបង្ខំភិក្ខុខ្ចីវស្សាជាង ឬភិក្ខុបួសក្រោយត្រូវអាបត្ដិ៕