រាជធានីភ្នំពេញ៖ ដោយសារតែមានជនខិលខូចមួយចំនួនតូច មិនគិតអំពីការខិតខំប្រឹងប្រែង ខ្នះខ្នែង ស្វែងរកនូវការប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយសុចរិត ផ្ទុយទៅវិញបែរជាបានយកស្បង់ចីវរដែលជាទង់របស់ព្រះអរហន្ដមកគ្របដណ្ដប់ខ្លួន ក្លែងភេទបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាត ហើយបញ្ហានេះ នាំឲ្យមានការកើតជាសំណួរលើកឡើង ថា តើជនលាមកបែបនេះនឹងមានទោសដល់កម្រិតណា ក្រោយពេលស្លាប់ទៅ?



បើតាមលោកតាអាចារ្យ ឈុន សាន បានលើករឿងដំណាលមួយ មានសេចក្ដីថា កាលពីសម័យមួយមានញាតិវង្សរបស់ព្រះបាទពិម្ពិសារ តែងតែធ្វើចង្ហាន់នាំយកទៅប្រគេនព្រះសង្ឃ ហើយតែងតែដួសចង្ហាន់នោះបរិភោគជាមុន ទើបដួសយកចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃជាក្រោយ។ លុះពេលស្លាប់ទៅ ពួកគេក៏បានទៅកើតជាប្រេត រងទុក្ខវេទនា អស់រយៈពេលដ៏យូរ ហើយតែងតែមកនិម្មិតប្រាប់ដល់ព្រះបាទពិម្ពិសារ ទើបស្ដេចយករឿងនេះទៅទូលថ្វាយដល់ព្រះពុទ្ធ ហើយព្រះអង្គក៏បានប្រាប់តាមដំណើររឿងនោះទៅ។ ដោយសារតែមានដំណាលរឿងបែបហ្នឹង ទើបគេតែងតែធ្វើចង្ហាន់ហើយ ត្រូវដួសសម្រាប់ប្រគេនព្រះសង្ឃ ជាមុន ហើយអាហារដែលនោះសល់នោះ ទើបយកទៅបរិភោគ។ ផ្ទុយទៅវិញ ប្រសិនបើជនណាក្លែងភេទធ្វើជាព្រះសង្ឃ រស់នៅជាមួយនឹងព្រះសង្ឃ គឺកាន់តែបាបធ្ងន់ជាងនេះទៅទៀត។



សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ មានថេរដីកាក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយនឹងអ្នកសារព័ត៌មាន Buddhist Cambodia News ថា «ការចូលមកបន្លំភេទធ្វើជាសង្ឃ នៅក្នុងវត្ដណា នឹងធ្វើឱ្យអន្ដរាយដល់កិច្ចការរបស់សង្ឃនៅក្នុងវត្ដនោះ ដូចជា ឧបោសថសីល…ជាដើម។ រីឯកម្មរបស់ជនក្លែងភេទ ជាសង្ឃនោះនឹងឱ្យផលមកវិញ ជាមួយនឹងទោសយ៉ាងធ្ងន់បំផុតអាចធ្លាក់ដល់សង្ឃាតនរក ក្រោយពេលជននោះបានស្លាប់ទៅ។ ជនក្លែងបន្លំភេទជាព្រះសង្ឃនោះ នឹងត្រូវទុក្ខនៅក្នុងភ្លើងនរកដ៏ធ្ងន់ រហូតអស់មួយចន្លោះព្រះពុទ្ធ ទើបអាចរួចផុតពីទុក្ខទោសរបស់ខ្លួន ចេញពីភ្លើងនរកនោះមកវិញ»។



បើឯកសាររបស់ព្រះពុទ្ធសាសនាបានឲ្យដឹងថា នៅក្នុងភទ្ទកប្បនេះមានព្រះពុទ្ធចំនួន៥ព្រះអង្គត្រូវត្រាស់ដឹង ដោយក្នុងនោះមានព្រះពុទ្ធចំនួន៤ព្រះអង្គបានត្រាស់ដឹងរួចហើយ ខណៈមួយព្រះអង្គទៀតនៅមិនទាន់ត្រាស់ដឹងនៅឡើយ។ រីឯព្រះពុទ្ធចំនួន៤ព្រះអង្គ ដែលបានត្រាស់ដឹងរួចហើយ រួមមាន៖ ១-ព្រះពុទ្ធកក្កុសន្ធៈ, ២-ព្រះពុទ្ធកោនាគមនៈ, ៣-ព្រះពុទ្ធកស្សបៈ និង៤-ព្រះពុទ្ធគោត្តម ខណៈព្រះអរិយមេត្ដិយ្យ នៅមិនទាន់ត្រាស់ដឹងនៅឡើយ។ នៅក្នុងចន្លោះពីព្រះពុទ្ធមួយអង្គៗត្រាស់ដឹងនោះ គឺមានរយៈពេលរាប់សិបអសង្ខេយ្យ គឺមានអាយុកាលច្រើនឆ្នាំខ្លាំងណាស់ ដោយពិបាកនឹងគណនាបាន។ បើផ្អែកលើឯកសារទាំងនេះ គឺជនក្លែងបន្លំភេទជាព្រះសង្ឃនឹងមានទោសធ្ងន់ខ្លាំងណាស់ ព្រោះត្រូវរងទុក្ខនៅក្នុងមួយចន្លោះព្រះពុទ្ធត្រាស់ដឹង៕